មិនរួចខ្លួនទេ! នគរបាលជំនាញ កំពុងស្រាវជ្រាវរកជនបង្កបាញ់ ៣គ្រាប់ កាលពីយប់ម៉ិញ
កម្លាំងនគរបាលជំនាញ កំពុងស្រាវជ្រាវកំណត់មុខសញ្ញា ជនបង្កដែលបានបាញ់ចំនួន ៣គ្រាប់ បណ្ដាលឲ្យជនរងគ្រោះរងរបួសធ្ងន់ កាលពីយប់មិញនេះ បើតាមប្រសាសន៍លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រាប់អោយដឹងថា នៅព្រឹកថ្ងៃទី ១៧ ខែធ្នូនេះថា ករណីផ្ទុះអាវុធ បង្កឲ្យមានមនុស្សរងរបួសនេះ ដើមហេតុដំបូងកើតឡើង មកពីបញ្ហាមិនចេះយោគយល់គ្នា ដោយជិះម៉ូតូអក់ស៊ឺគ្នាបន្តិចបន្តួចប៉ុណ្ណោះ។
ទោះបីជាពេលនេះ ជនបង្ករ បានជិះម៉ូតូរត់គេចខ្លួន ប៉ុន្តែ កម្លាំងនគរបាល នឹងតាមប្រមាញ់យកមកទទួលទោសអោយខានតែបាន ។
សូមបញ្ជាក់ថា កាលពីថ្ងៃកើតហេតុកម្លាំងនគរបាល អន្តរាគមន៍ខណ្ឌមានជ័យ បាន ដេញតាមប្រមាណ ៥០០ ទៅ៧០០ម៉ែត្រ ក៏ជនបង្ករូបនេះបានផ្ដួលម៉ូតូ រត់គេចខ្លួនបាត់។
គួររំលឹកផងដែរ បុរសរងគ្រោះខាងមានឈ្មោះ ឡាយ សៀកឡេង អាយុ៣២ឆ្នាំ ស្នាក់នៅផ្ទះលេខ357 ផ្លូវជាតិលេខ៥ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ រីឯប្រពន្ធ និងកូន ២នាក់ទៀត មិនស្គាល់អត្តសញ្ញាណនោះទេ។
ដោយហេតុដើមបង្កអោយមានការផ្ទុះអាវុធនោះ មុនពេលកើតហេតុ គេឃើញបុរសជាជនរងគ្រោះ បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាស្កុបពី ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ1IV-5692 ដោយមានដឹកប្រពន្ធ និងកូន ២នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ ៣៧១ ទិសដៅពីកើតមកលិច ខណៈមកដល់ស្តុបត្រង់ចំណុចកើតហេតុ ស្រាប់តែមានបុរសម្នាក់ជាជនដៃដល់ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាស្កុបពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1GU-9897 ធ្វើដំណើរតាមបណ្ដោយផ្លូវ ២១៧ ទិសដៅពីត្បូងទៅជើង ក៏ស្រាប់តែអក់ស៊ឺគ្នាបន្តិច តែមិនបានបុក ឬប៉ះគ្នានោះទេ។
ប្រភពដដែល បានបន្តថា ក្នុងអំឡុងពេលនោះ ក៏មានការប៉ះសម្ដីគ្នាបន្តិចបន្តួចផងដែរ ទើបធ្វើឲ្យជនដៃដល់ដកកាំភ្លើងខ្លី បាញ់ទៅលើជនរងគ្រោះទាំងប្រពន្ធកូន នៅក្បែរចំនួន ៣គ្រាប់ បណ្តាលឲ្យត្រូវចំនួន ២គ្រាប់ចំពោះ និងដៃ រងរបួសយ៉ាងធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។






