ករណីអគ្គីភ័យមួយបានឆាបឆេះផ្ទះពលរដ្ឋនៅភូមិមេម៉ាយ សង្កាត់បឹងកុក ក្រុងកំពង់ចាមអស់ចំនួន ២ខ្នងទាំងស្រុង តែមិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់មនុស្សទេ នៅរសៀល ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ។

យោងតាមការឲ្យដឹងពីសំណាក់លោក វរសេនីយ៍ឯក អ៊ឹង ប៊ុន អធិការនគរបាលក្រុងកំពង់ចាម បានឱ្យដឹងថា កម្លាំងនគរបាលចម្រុះ សហការជាមួយការិយាល័យពន្លត់អគ្គីភ័យ បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការអន្តរាគមន៍ពន្លត់ភ្លាមៗ និងបានជួយបាញ់ទឹកពន្លត់រលត់អស់ ដោយប្រើប្រាស់រថយន្ត អគ្គីភ័យចំនួន ៤គ្រឿងដោយប្រើប្រាស់ទឹកអស់ចំនួន១១រថយន្ត។

លោកអធិការក្រុងបានបន្ថែមទៀតថា ហេតុការណ៍អគ្គិភ័យនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនីទើបបង្កជាអណ្តាតភ្លើងឆេះឡើង។ ក្នុងនោះទំហំខូចខាតអស់ សម្ភារៈក្នុងផ្ទះទាំង២ខ្នងតែម្តង ប៉ុន្តែមិនបណ្តាលឱ្យគ្រោះថ្នាក់ដល់មនុស្សឡើយ៕