ព្រឹទ្ធសភាអាមេរិក ទទួលស្គាល់លោក Nicholas Burns ជាឯកអគ្គរដ្ឋទូតថ្មីប្រចាំប្រទេសចិន

(វ៉ាស៊ីនតោន)៖ ព្រឹទ្ធសភាអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានទទួលស្គាល់ជាផ្លូវការហើយ លើការតែងតាំងលោក Nicholas Burns ជាឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំប្រទេសចិន ដើម្បីបំពេញតំណែងដែលនៅទំនេរអស់រយៈពេលជាងមួយឆ្នាំមួយនេះ។ លោក Burns ទទួលបានសំឡេងគាំទ្រ នៅក្នុងការបោះឆ្នោតនៅឯព្រឹទ្ធសភាក្នុងសំឡេងគាំទ្រ ៧៥ ទល់នឹង១៨សំឡេងជំទាស់។

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានតែងតាំងលោក Burns ជាឯកអគ្គរដ្ឋទូតប្រចាំប្រទេសចិន កាលពីខែសីហា ឆ្នាំ២០២១នេះ។ លោក Burns មាន អាយុ ៦៥ឆ្នាំ គឺជាសាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិម្នាក់ មកពីសាកលវិទ្យាល័យ Harvard។ លោកនឹងឡើងកាន់តំណែងជំនួសលោក Terry Branstad ជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសចិន នៅក្រោមអតីតរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានលាលែងចេញពីតំណែងកាលពីខែតុលា ឆ្នាំ២០២០៕

លោក Burns ក៏ធ្លាប់កាន់តំណែងជាអនុរដ្ឋលេខាធិការក្រសួងការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការនយោបាយផងដែរពីឆ្នាំ២០០៥ ដល់ឆ្នាំ២០០៨ ហើយ ជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការ NATO ពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៥ មុននឹងលោកចូលបម្រើការជាអ្នកនាំពាក្យក្រសួងការបរទេស និងជាឯកអគ្គរដ្ឋទូត អាមេរិកប្រចាំប្រទេសក្រិក ព្រមទាំងធ្លាប់បម្រើការនៅឯក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន នៅក្រោមរដ្ឋបាលអតីតប្រធានាធិបតីអាមេរិក លោក George H.W. Bush និងលោក Bill Clinton៕

ប្រភព៖ AXIOS

 

American and Chinese flag pair on desk over defocused background. Horizontal composition with copy space and selective focus.