ឥណ្ឌូណេស៊ី រកឃើញករណីឆ្លងមេរោគបំប្លែងថ្មី Omicron ជាលើកដំបូង

(ហ្សាការតា)៖ រដ្ឋមន្ត្រីសុខាភិបាលឥណ្ឌូណេស៉ី Budi Gunadi Sadikin នៅថ្ងៃព្រហស្បតិ៍នេះបានឱ្យដឹងថា ប្រទេសរបស់លោកបានរកឃើញករណីឆ្លងវីរុស COVID-19 បំប្លែងថ្មី Omicron ជាលើកដំបូងនៅលើបុគ្គលិកអនាម័យ ក្នុងមន្ទីរពេទ្យព្យាបាលអ្នកជំងឺ COVID-19 មួយនៅរដ្ឋធានីហ្សាការតា។

បុគ្គលិកដែលធ្វើការនៅក្នុងមន្ទីរពេទ្យ Wisma Atlet ត្រូវបានកំណត់អត្តសញ្ញាណថា ជាករណីដែលមិនមានចេញរោគសញ្ញាដូចជា គ្រុនក្តៅ ឬក្អកនោះទេ ហើយបុគ្គលរូបនេះ ក៏មិនដែលធ្លាប់បានចេញទៅក្រៅប្រទេសនោះដែរ។

លោក Budi Gunadi Sadikin បានបញ្ជាក់ថា អ្នកជំងឺបានទទួលការធ្វើតេស្ត PCR នៅថ្ងៃទី០៨ ខែធ្នូ ហើយបានទទួលលទ្ធផលវិជ្ជមានចំពោះជំងឺ COVID-19។ នៅថ្ងៃទី១០ ខែធ្នូ សំណាកត្រូវបានបញ្ជូនទៅកាន់ក្រសួងសុខាភិបាលឥណ្ឌូណេស៉ី សម្រាប់ការធ្វើតេស្តលំដាប់ហ្សែនទាំងមូល (WGS) ហើយនៅថ្ងៃទី១៥ ខែធ្នូ ក្រសួងបានបញ្ជាក់ថា អ្នកជំងឺបានធ្វើតេស្តលទ្ធផលវិជ្ជមានចំពោះវីរុស COVID-19 បំប្លែងថ្មី Omicron៕

ប្រភព៖​​​​​​ Reuters