មនុស្សរាប់ពាន់ ភៀសខ្លួនចេញពីផ្ទះសម្បែង ខណៈព្យុះទីហ្វុងបោកបក់លើហ្វីលីពីន

(ម៉ានីល)៖ មនុស្សរាប់ពាន់នាក់ នៅក្នុងប្រទេសហ្វីលីពីន បានភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ខ្លួនឯងជាបណ្ដោះអាសន្ន ទៅរកកន្លែងមានសុវត្ថិភាព ខណៈ ព្យុះទីហ្វុងដ៏កំណាចមួយ កំពុងវាយប្រហារលើប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។

ប្រជាជនហ្វីលីពីនច្រើនជាង ៤៥,០០០នាក់ត្រូវបានជម្លៀសចេញទៅកាន់កន្លែងមានសុវត្ថិភាព។ បើតាមអាជ្ញាធរឧតុមនិយមហ្វីលីពីន ព្យុះទីហ្វុង Rai អាចនឹងបង្កការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ រួមទាំងគ្រោះទឹកជំនន់ ឬរអិលបាក់ដី ដោយវាអាចបក់បោកក្នុងល្បឿនខ្យល់ ១៦៥គីឡូម៉ែត្រ ក្នុងមួយម៉ោង។

បន្ថែមពីលើនេះ ព្យុះដ៏កំណាចមួយនេះអាចនឹងបង្កើនល្បឿនបក់បោកដល់ទៅ ១៩៥គីឡូម៉ែត្រក្នុងមួយម៉ោង មុននឹងវា វាយប្រហារលើតំបន់ដីគោក នៅក្បែរដែនកោះ Siargao នៅរសៀលថ្ងៃព្រហស្បតិ៍នេះហើយទីប្រជុំកោះមួយភាគធំស្ថិតនៅតំបន់កណ្ដាល និងខាងត្បូង នៃប្រទេសហ្វីលីពីន ក៏អាចនឹងរងការវាយប្រហារដោយព្យុះទីហ្វុងនេះដែរ។

ហ្វីលីពីនគឺជាប្រទេសមួយដែលតែងតែ រងគ្រោះជាញឹកញប់ដោយខ្យល់ព្យុះ ទាំងធ្ងន់ ទាំងស្រាល ដោយក្នុងមួយឆ្នាំ មានព្យុះយ៉ាងហោចចំនួន២០ វាយប្រហារលើប្រទេសមួយនេះ៕

ប្រភព៖ AFP