ការពារប្រសើរជាងព្យាបាល! មកដឹងពីរោគសញ្ញា វីរុសកូវីដ១៩ អូមីក្រុង និង វិធីការពារ

ក្រោយពីក្រសួងសុខាភិបាល ប្រកាស រកឃើញករណីឆ្លងកូវីដ១៩ បំប្លែងថ្មី Omicron (អូមីក្រុង) ជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ លើស្ដ្រីជនជាតិខ្មែរម្នាក់ អាយុ ២៣ ឆ្នាំ បងប្អូនប្រជាពលរដ្ឋហាក់លែងសប្បាយចិត្តដោយសារតែខ្លាចជាមួយនឹង វិរុសថ្មីនេះ ។
តើធ្វើយ៉ាងណាទើបអាចការពារបាន?

ជាការពិតណាស់ ក្រសួងសុខាភិបាលកម្ពុជាបានចេញសេចក្ដីប្រកាសស្ដីពី ការ ការពារ និង ប្រាប់ពីរោគសញ្ញាផងដែរ តាមការបញ្ជាក់ពីលោកជំទាវ ឱ វណ្ណឌីន រដ្ឋមន្រ្ដីក្រសួងសុខាភិបាលក្នុងបទសម្ភាស៍មួយកាលពីពេលកន្លងទៅថា រោគសញ្ញាដែលគេសង្កេតឃើញនៅប្រទេសអាហ្វ្រិកដែលគេរកឃើញនោះ មានបី បួន រួមមាន ការអត់នឿយ អស់កម្លាំង ហើយមានក្ដៅខ្លួន មានក្អក ហើយនឹងមានឈឺបំពង់ករ ខណៈវាក៏មានការវិវត្ដន៍ផងដែរនៅពេលទៅមុខទៀត។ ប៉ុន្ដែគេមិនទាន់សង្កេតថាវាធ្វើឲ្យបាត់ក្លិននោះទេ ពីព្រោះកន្លងមកកូវីដ១៩ ច្រើនតែធ្វើឲ្យអ្នកជំងឺគាត់បាត់រសជាតិ បាត់ក្លិន ហិតអត់ដឹង ឬក៏ញ៉ាំ ឬពិសាអាហារអីទៅអត់ដឹងរសជាតិ។ជាមួយគ្នានោះ ដើម្បីការពារនិងទប់ស្កាត់ឱ្យបានទាន់ពេលវេលានូវការចម្លងវីរុសប្រភេទថ្មីអូមីក្រុង និងដើម្បីបន្តនិរន្តភាពនៃការរស់នៅក្នុងប្រក្រតីភាពថ្មីក្នុងសង្គមកម្ពុជា ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក៏ធ្លាប់បានធ្វើការអំពាវនាវ និងក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ឲ្យអនុវត្ដវិធានការ និងការណែនាំដូចខាងក្រោម៖

១. សូមបន្តអនុវត្តវិធានការសំខាន់ៗ ជាពិសេសសូមបន្តអនុវត្តវិធានការ “៣ការពារ និង៣កុំ” ឱ្យបានហ្មត់ចត់ ដើម្បីកាត់បន្ថុយហានិភ័យនៃការឆ្លងវីរុសកូវីដ១៩ រួមទាំងអនុវត្តន៍វិធានការសុខភាពសាធារណៈនិងសង្គមចាំបាច់នានាដូចជា ការពាក់ម៉ាសឱ្យបានត្រឹមត្រូវ អនាម័យដៃដោយលាងសម្អាតញឹកញា់ ការរក្សាគម្លាតសុវត្ថិភាពបុគ្គល ១,៥ម៉ែត្រឡើង ការកែលម្អខ្យល់ចេញចូលនៃទីធ្លាក្នុងផ្ទះ ឬទីតាំងការងារ ឬទីតាំងប្រកបរបររកស៊ីទទួលទាន ជៀសវាងកន្លែងមានមនុស្សច្រើន កន្លែងដែលបិទជិតគ្មានខ្យល់ចេញចូល និងទទួលចាក់ថ្នាំបង្ការកូវីដ១៩ ឱ្យបានគ្រប់ដូសមូលដ្ឋានទាំងអស់។

២. រាយការណ៍ជូនអាជ្ងាធរមូលដ្ឋាន ឬគ្រូពេទ្យដែលនៅជិតលោកអ្នក អំពីករណីសង្ស័យណាមួយដែលពាក់ព័ទ្ធទៅនឹងភាពខុសគ្នាប្លែងធម្មតានៃរោគសញ្ញា ឬជំងឺនិងត្រូវនៅឱ្យដាច់ដោយឡែកដើម្បីកុំឱ្យមានការចម្លងបន្តទៅអ្នកដែលនៅជិតខ្លួន ឬក្រុមគ្រួសារខ្លួនក្នុងកំឡុងពេលរងចាំការវិភាគដើម្បីរកវីរុសបំប្លែង្មីនេះ។

៣. ត្រូវជុំរុញប្រជាពលរដ្ឋឱ្យទៅទទួលការចាក់វ៉ាក់សាំងកូវីដ១៩ឱ្យបានគ្រប់គ្នា ជាពិសេសជនដែលងាយរងគ្រោះ និងបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ដោយបុគ្គលម្នាក់ៗត្រូវទទួលខុសត្រូវលើការពារខ្លួន ព្រមទាំងគ្រួសារ និងសហគមន៍ត្រូវលើកកម្ពស់ការចូលរួម តាមដាន និងអនុវត្តវិធានការការពារ នោងស្វែងរកការព្យាបាលឱ្យទាន់ពេលវេលា ដើម្បីជួយសង្រ្គោះអាយុជីវិតអ្នកជំងឺធ្ងន់ៗ ។