រយៈពេលប្រមាណ ៣ថ្ងៃមកនេះ ការនេសាទត្រីប្រហុកក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ កំពុងទទួលបានទិន្នផលល្អប្រសើរ ធៀបទៅនឹងការនេសាទត្រីប្រហុកឆ្នាំមុន។ ចំណែកឯតម្លៃត្រីប្រហុក ក្នុងឆ្នាំនេះ ក៏ស្ថិតក្នុងតម្លៃថោកជាងឆ្នាំមុនផងដែរ។នេះជាការលើកឡើងរបស់លោក ងិន ឌី នាយខណ្ឌរដ្ឋបាលជលផលភ្នំពេញ ក្នុងឱកាសលោកចុះត្រួតពិនិត្យការប្រមូលត្រីប្រហុក ក្នុងភូមិសាស្រ្ត ច្រាំងចម្រេះ ខណ្ឌឬស្សីកែវ។
ពាក់ព័ន្ធនឹងការនេសាទត្រីប្រហុកនេះ លោក ងិន ឌី នាយខណ្ឌរដ្ឋបាលជលផលភ្នំពេញ បានលើកឡើងក្នុងការចុះត្រួតពិនិត្យការប្រមូលផលត្រីប្រហុកថ្ងៃនេះថា ទិន្នផលត្រីប្រហុក ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ អាចមានចំនួនតិចជាងទិន្នផលត្រីប្រហុកនៅខេត្តកណ្ដាល ដែលនៅខាងលើ។
យ៉ាងណាមិញលោកបញ្ជាក់ថា សម្រាប់ការប្រមូលត្រីប្រហុកនៅភូមិសាស្រ្តរាជធានីភ្នំពេញឆ្នាំនេះ គឺទទួលបានផលល្អប្រសើរជាងឆ្នាំមុន។ លោកថា ការនេសាទត្រីប្រហុក ក្នុងមួយគន្លងដៃ អាចប្រមូលបានផលប្រមាណ៤០០គីឡូ ក្នុងរយៈពេលមួយម៉ោង រីគន្លងខ្លះអាចទទួលបានផលលើសពីនេះទៅទៀត។ លោក បញ្ជាក់ដែរថា ទិន្នផលត្រីប្រហុកនេះ អាចបន្តត្រូវក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀត រួចទិន្នផលនឹងមានការធ្លាក់ចុះទៅវិញ។
អ្នកស្រី ស្មាន ម៉ីសំ ជាអ្នកប្រមូលផលត្រីប្រហុកដើម្បីលក់តជូនប្រជាពលរដ្ឋនៅតំបន់ច្រាំងចម្រេះ បានលើកឡើងថា តម្លៃត្រីមានធូថ្លៃជាងឆ្នាំមុនច្រើន ហើយប៉ុន្មានថ្ងៃមកនេះ ក៏ពុំទាន់ឃើញមានប្រជាពលរដ្ឋសម្រុកមកទិញច្រើននោះទេ។ តម្លៃត្រីប្រហុកដែលលោកស្រីលក់ គឺមានតម្លៃប្រមាណ ២៥០០ ក្នុង១គីឡូ សម្រាប់ត្រីមិនទាន់ធ្វើ និងមានមានតម្លៃប្រមាណ ៥០០០ទៅ ៦០០០រៀលក្នុង១គីឡូ សម្រាប់ត្រីដែលធ្វើរួច។
ចំពោះប្រជាពលរដ្ឋដែលបានមកទិញ ត្រីប្រហុកនៅថ្ងៃនេះ ក៏សប្បាយចិត្តពេលតម្លៃត្រីមានភាពធូរថ្លៃផងដែរ។ តាមការសាកសួរ ពួកគាត់ទិញត្រីប្រហុក សម្រាប់ការប្រើប្រាស់ក្នុងគ្រួសារ ចែកកូនចៅ ដោយទិញប្រមាណ ១០០គីឡូ សម្រាប់រយៈពេលមួយឆ្នាំនេះ។
ផ្អែកតាមសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានបញ្ជាក់ថា សម្រាប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្ដាលអាចនេសាទត្រីបានច្រើនចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៦ ខែធ្នូ បើសិនជាមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬទទួលរងឥទ្ធិពលព្យុះ៕



